លោករ៉ុង ឈុន បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២ដូសរួចហើយ

លោករ៉ុង ឈុន បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២ដូសរួចហើយ នេះបើតាមការលើកឡើងរបស់ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ឆ្លើយតបជាមួយសហមេធាវីការពារក្តីលោករ៉ុង ឈុន នៅក្នុងអង្គជំនុំជម្រះលើនិតិវីធីនៃបណ្តឹងសុំនៅក្រៅឃុំ។


ព្រឹកថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២១ នេះ ចៅក្រមលី សុខា បានបើកអង្គសវនាជំនុំជម្រះលើបណ្តឹងសំុនៅក្រៅឃុំ របស់ លោក រ៉ុង ឈុន និងកញ្ញា ស កណិកា ដែលអ្នកទាំងពីរកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារអស់រយៈពេលជាង១១ខែមកហើយ។


អ្នកចូលរួមស្តាប់អង្គសវនាការព្រឹកនេះ មានតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិក, EU, អូស្ត្រាលី, ជប៉ុន, អាល្លឺម៉ង់ ,ស៊ុយអ៊ែត, សមាគមបណ្តាញយុវជនកម្ពុជាCYN, អ្នកសារព័ត៌មានVOD, Camboja និងក្រុមគ្រួសាររបស់លោក រ៉ុង ឈុន។


ចំណែកឯលោករ៉ុង ឈុន និងកញ្ញា ស កណ្ណិកា មិនត្រូវបានគេដឹកពីមន្ទីរឃុំឃាំងមកកាន់តុលាការទេ ដោយតុលាការបានបញ្ជាក់ថាដើម្បីថែរក្សាបញ្ហាសុខភាពសាធារណៈ និងទទួលបានលិខិតពីពន្ធនាគារដែលបានរាយការណ៍អំពីការឆ្លងកូវីដ១៩នៅក្នុងពន្ធនាគារ។


ពាក់ព័ន្ធលើករណីអវត្តមានជនជាប់ចោទទាំងពីររូប លោក មេធាវី សំ សុខគង់ និងលោកមេធាវី ឡោ ជុនធី បានឡើងធ្វើកំណត់សម្គាល់ និងដេញដោលមតិជាមួយចៅក្រម និងព្រះរាជអាជ្ញារថា មូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្ននៃកូនក្តីទាំងពីររបស់លោក គឺព្រោះតែដើម្បីធានាថាជនជាប់ចោទទាំងពីរនឹងបង្ហាញខ្លួននៅចំពោះមុខគ្រប់នីតិវិធីរបស់តុលាការដោយពុំមានការគេចវេច ដូច្នេះបើសិនជាកូនក្តីរបស់លោកមិនត្រូវបានគេនាំខ្លួនមកបង្ហាញនៅចំពោះមុខតុលាការលើ ដំណើររឿងបណ្តឹងសុំនៅក្រៅឃុំនេះ ដូច្នេះវាហាក់ដូចជាពិបាកទទួលយកបាន។ លោកមេធាវីទាំងពីរបានបញ្ជាក់ផងដែរថា ចាប់តាំងពីផ្ទុះកូវីដ១៩មក មេធាវី និងកូនក្តីមិនដែលបានជួបគ្នា ឬទទួលបានព័ត៌មានផ្លូវការអំពីស្ថានភាពសុខភាពរបស់ពួកគាត់សោះ ដូច្នេះវាគឺការគួរឲ្យព្រួយបារម្ភមួយ។


ទោះបីជាមានការតស៊ូមតិពីមេធាវីយ៉ាងណា ចៅក្រមជំនុំជម្រះបានយល់ឃើញថា ដោយសារនេះជាសវនាការលើអង្គនីតិវិធី គឺពុំមែនជាសវនាការលើអង្គសេចក្តីឡើយ ដូច្នេះចៅក្រមសម្រេចបន្តបើកសវនាការដោយគ្មានវត្តមានរបស់ជនជាប់ចោទទាំងពីររូបនេះ។


ងាកមកនិយាយអំពីបណ្តឹងសុំនៅក្រៅឃុំវិញ មេធាវីទាំងពីរបានលើកឡើងថាដោយសារកូនក្តីរបស់លោក ត្រូវបានតុលាការចោទនៅក្នុងបទមជ្ឈឹមដែលការឃុំខ្លួនមិនតម្រូវឲ្យលើសអប្បរមាពាក់កណ្តាលនៃទោសនោះទេ ។ហើយបើយោងតាមនីតីវិធីនៃការឃុំខ្លួនជនជាប់ចោទណាម្នាក់ តុលាការមិនអាចឃុំខ្លួនឲ្យលើសពី១០ខែបានទេ។


ជាការឆ្លើយតបទៅវិញ លោកព្រះរាជអាជ្ញារបានឆ្លើយថាមិនមែនតុលាការឃុំខ្លួនជនជាប់ចោទលើកាលកំណត់នោះទេ ព្រោះតុលាការបានបើកសវនាការជំនុំជម្រះមកលើពួកគាត់បានចំនួន២ដងរួចមកហើយ តែដោយសារបញ្ហាកូវីដទើបត្រូវអាក់ខានទៅវិញ។ ម្យ៉ាងទៀតតាមការទទួលបានព័ត៌មានពីមន្ត្រីពន្ធនាគារ គឺលោករ៉ុង ឈុន បានទទួលការចាក់វ៉ាក់សាំងចំនួន២ដូសរួចមកហើយ។ ហើយមន្ត្រីពន្ធនាគារមានវិធានការទប់ស្កាត់កូវីដ១៩បានល្អប្រសើរ ដូច្នេះគ្មានអ្វីជាការបារម្ភឡើយ។


ឆ្លើយតបជាមួយព្រះរាជអាជ្ញារវិញ លោកមេធាវីទាំងពីរបាននិយាយថា ការលើកឡើងថាលោករ៉ុង ឈុន ទទួលបានការចាក់វ៉ាក់សាំងចំនួន២ដូសរួច វាគ្រាន់តែជាដំណឹងដែលមិនមានលក្ខណៈផ្លូវការតែប៉ុណ្ណោះ ព្រោះគ្មានលិខិតបញ្ជាក់ណាមួយដែលចេញដោយពន្ធនាគារនោះទេ ហើយមេធាវីទាំងពីធ្លាប់បានដាក់លិខិតស្នើសុំព័ត៌មានអំពីស្ថានភាពសុខភាពរបស់កូនក្តីលោកទាំងពីរនាក់ តែគ្មានការឆ្លើយតប ហើយលោកក៏បានស្នើសុំការប្រឹក្សាផ្នែកផ្លូវច្បាប់ជាមួយកូនក្តី តាមរយៈទូរស័ព្ទដែរ បើសិនជាមិនអាចជួបផ្ទាល់ដោយសារកូវីដ១៩។ ដូច្នេះកាលដែលមេធាវីទាំងពីរស្នើសុំឲ្យតុលាការដោះលែងពួកគាត់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយសារមានការបារម្ភអំពីស្ថានភាពសុខភាព និងការដែលពុំអាចទំនាក់ទំនងជាមួយកូនក្តីបាន។


ទោះបីជាមានការលើកឡើងនូវអង្គហេតុ និងអង្គច្បាប់យ៉ាងណាពីសំណាក់មេធាវី នៅទីបំផុតចៅក្រមជំនុំជម្រះលោក លី សុខា បានសម្រេចច្រានចោល និងសម្រេចបន្តឃុំឃាំងលោករ៉ុង ឈុន និងកញ្ញា ស កណិកាបន្តទៀត ដោយពុំដោះលែងឲ្យនៅក្រៅឃុំនោះទេ។

សូមជម្រាបផងដែរថាលោករ៉ុង ឈុន និងកញ្ញា ស កណិកា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០២១ លើបទចោទស្តីពី “អំពើញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និង៤៩៥នៃក្រមព្រណ្មទណ្ឌ គ្រាដែលលោកបានចុះពិនិត្យមើលបញ្ហាព្រំដែនក្នុងខេត្តត្បូងឃ្មុំ និងលើកឡើងថាកម្ពុជាបានបាត់ដីមួយចំនួនទៅប្រទេសវៀតណាម។

Leave a comment