គន្លឹះ២៣ចំណុចគួរយល់ដឹងសម្រាប់អ្នកចង់ដើរព្រៃ

ការដើរព្រៃគឺជានិន្នាការថ្មី ដែលយុវវ័យកម្ពុជាសម័យទំនើបកំពុងពេញនិយម និងជក់ចិត្តដិតអារម្មណ៍ជាទីបំផុត បើទោះបីជាវាមានភាពនឿយហត់ខ្លាំងយ៉ាងណាក៏ដោយ។ មានមូលហេតុជាច្រើន ដែលពួកគេចូលចិត្តដើរព្រៃ ជាពិសេសគឺចង់ទៅកាន់តំបន់ប្លែកៗដែលកម្រមានមនុស្សទៅដល់ ព្រោះពួកគេចង់ទទួលបាននូវបទពិសោធន៍ថ្មីៗ ការទស្សនាដោយផ្ទាល់នូវផ្ទាំងទស្សនីយភាពធម្មជាតិដ៏ស្រស់ត្រកាល ការស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ជាពិសេសគឺការផ្តិតយករូបកម្រងរូបភាពស្អាតៗសម្រាប់រក្សាទុកជាអនុស្សាវរីយ និងសម្រាប់ចែករំលែកនៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ពួកគេផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលពុំធ្លាប់បានដើរព្រៃ ឬអ្នកដែលមានបំណងចង់សាកល្បងទទួលនូវពិសោធន៍ដ៏អស្ចារ្យនេះ សូមស្វែងយល់អំពីគន្លឹះសំខាន់ៗមួយចំនួន ដែលវាអាចជួយយើងឲ្យត្រៀមខ្លួនបានល្អប្រសើរ និងជៀសវៀងនូវឥរិយាបទមួយចំនួនដែលផ្តល់ផលប៉ះពាល់ចំពោះបរិស្ថានដោយមិនដឹងខ្លួន៖

ក.ការត្រៀមខ្លួនទុកជាមុនសម្រាប់ការដើរព្រៃ៖

1.ត្រូវហាត់ហាត់ប្រាណដោយការដើរសមជើងយ៉ាងហោចណាស់ឲ្យបានពីសប្តាហ៍មុនដំណើរកម្សាន្ត

2.ទិញកាបូបស្ពាយក្រោយដែលមានគុណភាព ហើយមានមុខងារក្រវ៉ាត់ចង្កេះ ក្រវ៉ាត់ទទឹងទ្រូង និងខ្សែរឹតបន្តឹងស្មា (Hiking Backpack)

3.ពាក់ស្បែកជើងដែលមានក្រឡាជ្រៅ មិនរអិល និងមិនធ្ងន់ ឬធ្វើឲ្យឈឺជើង បើសិនមិនជ្រាបទឹកទៀតគឺកាន់តែប្រសើរ (Hiking Shoes)

4.ត្រៀមស្បែកជើងផ្ទាត់សម្រាប់ទុកពាក់ពេលយប់ ឬពេលឈប់សម្រាកយូរៗ

5.មានតង់ផ្ទាល់ខ្លួន កម្រាលក្រាល និងSleeping Bag សម្រាប់ទប់ទល់នឹងអាកាសធាតុត្រជាក់

6.មានដបទឹកសម្រាប់ដាក់ទឹកក្តៅទុកឆុងមី តែឬកាហ្វេ ពេលកំពុងដើរតាមផ្លូវ

7.មានដបទឹកសម្រាប់ដាក់ទឹកត្រជាក់ធម្មតា ទុកហូបតាមផ្លូវ

8.មានប្រអប់បាយសម្រាប់ដាក់អាហារហូបតាមផ្លូវ និងសម្រាប់ប្រើហូបអាហាររាល់ពេល ដោយជៀសវៀងប្រើប្រាស់សម្ភារៈផ្លាស្ទីកដែលបន្សល់ទុកជាសំរាម និងផលប៉ះពាល់ចំពោះបរិស្ថាន

9.មានពិលសម្រាប់បញ្ចាំងពេលយប់ ឬសម្រាប់ប្រើបើសិនជាត្រូវធ្វើដំណើរទាំងយប់

10.មានថ្នាំការពារមូស និងសាប៊ូផ្សេងៗសម្រាប់ងូតទឹក (រំលែកសាប៊ូដាក់កូនដបតូចៗ)

11.មានខោអាវវែងៗសម្រាប់ពាក់ពេលយប់

12.មានក្រដាសសម្រាប់ប្រើពេលដោះទុក្ខសត្វ

13.មានអាហារសម្រន់ទុកញ៉ាំតាមខ្លួន

14.មិនត្រូវដាក់ខោអាវក្រាស់ៗច្រើនពេក និងជាពិសេសសម្ភារៈដែលមិនចាំបាច់ ដែលនាំឲ្យកាតាបរបស់អ្នកធ្ងន់ (បើសិនជាការដើរភ្នំចំណាយពេលត្រឹមរយៈពេល៣ថ្ងៃ២យប់ អ្នកគួរប្រើខោជើងវែងច្រើនបំផុត២ គឺទុកសម្រាប់ដើរមួយ និងសម្រាប់គេងមួយ។ ខោវែងគួរតែជាខោកីឡាដែលមានសាច់យឺត ទន់ត្រជាក់ និងមិនរឹបរាង)

15.មានស្រោមជើង និងកន្សែងសម្រាប់ងូតទឹក

16.ទំងន់សរុបនៃកាបូបស្ពាយមិនត្រូវឲ្យលើសពី១០គីឡូក្រាមឡើយ

17.ប្រឹក្សាយោបល់បន្ថែមជាមួយអ្នកជំនាញ ឬអ្នកមានបទពិសោធន៍ឡើងភ្នំច្រើនដង

ខ.មានវិន័យចំពោះខ្លួនឯងដើម្បីកុំឲ្យបង្កការរំខានដល់ធម្មជាតិ និងសត្វព្រៃ

១.មិនត្រូវចាក់ប៉ាស់ ឬរាំច្រៀងដែលនាំឲ្យរំខានដល់ធម្មជាតិ សត្វព្រៃ និងក្រុមអ្នកបោះតង់ផ្សេងទៀត

២.មិនត្រូវបោះចោលដបឬកំប៉ុងភេសជ្ជៈ និងសម្ភារៈផ្ទាស្ទីកដ៏ទៃទៀតនៅក្នុងព្រៃ សូមវេចខ្ចប់នូវសម្ភារៈទាំងអស់នោះត្រឡប់មកភូមិវិញ

៣.មិនត្រូវបេះ ឬដកផ្កា រុក្ខជាតិ ឬវត្ថុធម្មជាតិស្អាតៗណាដើម្បីយកមកផ្ទះរបស់អ្នកឡើយ ពីព្រោះបើអ្នកធ្វើដូច្នេះ យើងនឹងប្រឈមមុខទៅនឹងការបាត់បង់នូវរបស់ស្អាតៗទាំងអស់នោះ

៤.មិនត្រូវបបាញ់សត្វ គប់សត្វ កាប់ដើមឈើធំៗសម្រាប់បោះជំរំ ឬដើម្បីពង្រីកផ្លូវ

៥.មិនត្រូវបន្សល់ទុកនូវរងើកភ្លើង ដែលវាអាចបង្ករជាភ្លើងឆេះព្រៃបាន

៦.មិនត្រូវបន្ទោបង់នៅជិតប្រភពទឹកស្អាត ដែលមនុស្ស និងសត្វប្រើប្រាស់ឡើយ

២៣ចំណុចដែលបានរៀបរាប់ខាងលើ ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រាកដជាអាចធ្វើបាន ដើម្បីឲ្យដំណើរកម្សាន្តដើរព្រៃ ឬឡើងភ្នំរបស់លោកអ្នកប្រកបទៅដោយភាពរលូន និងរក្សាបាននូវស្នាមញញឹមជាប់ជានិច្ច។ សូមសាកល្បងដើរព្រៃឬឡើងភ្នំយ៉ាងហោចណាស់ឲ្យបានម្តងនៅក្នុងឆាកជីវិតរបស់លោកអ្នក ព្រោះការដើរព្រៃរបស់លោកអ្នក វានឹងចូលរួមបង្កើតនូវមុខរបរ និងចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន ហើយជនខិលខូចនិងមិនហ៊ានចូលកាប់បំផ្លាញព្រៃឈើនៅតាមទីតាំងដែលតែងតែមានភ្ញៀវទេសចរទៅកម្សាន្តនោះទេ។

Leave a comment