ឈប់ធ្វើខ្លួនជា«ពងមាន់ទៅជល់នឹងថ្ម» តែធ្វើខ្លួនឲ្យរឹងមាំ ក្លាហានដូច«គីង្គក់»

ឈប់ធ្វើខ្លួនជា«ពងមាន់ទៅជល់នឹងថ្ម» តែធ្វើខ្លួនឲ្យរឹងមាំ ក្លាហានដូច«គីង្គក់»​ ដែលហ៊ានប្រមូលគ្នាទៅតវ៉ាជាមួយតាព្រហ្ម ដូចទេវកថារឿង “សង្គ្រាមតាព្រហ្ម និងគីង្គក់”។

ទេវកថារឿង “សង្គ្រាមតាព្រហ្ម និងគីង្គក់” គឺជាអំណះអំណាងដ៏រឹងមាំមួយដើម្បីឆ្លុះបញ្ចាំងថា ការតស៊ូដើម្បីសេរីភាពពុំមែនទើបកើតឡើងនៅក្នុងសម័យប្រវត្តិសាស្ត្រទំនើបរបស់សង្គមខ្មែរយើងនោះទេ។ ទេវកថានេះត្រូវបានបុព្វបុរសខ្មែរយើង បង្កប់នូវគំនិតនយោបាយ និងដាស់តឿនឲ្យកូនខ្មែរគ្រប់ជំនាន់ គ្រប់ស្រទាប់វណ្ណៈ ត្រូវចេះរួបរួមគ្នាជាធ្លុងមួយ ដូចដែលគីង្គក់ តាសក់ស្រូវ ត្រីក្រាញ់ និងសត្វទាំងឡាយបានចងក្រងគ្នាធ្វើព្យុះហយាត្រាទៅតតាំងជាមួយតាព្រហ្ម ដែលពុំព្រមបង្អុរភ្លៀងមកលើផែនដីធ្វើឲ្យអន្តរាយដល់អាយុជីវិតរុក្ខជាតិ និងសត្វ។

បុព្វបុរសខ្មែរយើងពុំបានចាត់ទុកគីង្គក់ ថាជាអំបូរចោរស្រែកចាប់ចោរ(គីង្គក់លក់ថ្នាំស្រែង) ដូចមនុស្សខ្មែរបច្ចុប្បន្ននេះឡើយ តែលោកចាត់ទុកសត្វគីង្គក់ថាជាសត្វដែលចេះអត់ធន់ខ្ពស់ ស្បែកក្រាស់រឹងមាំ ក្លាហាន និងហ៊ានចេញមុខដើម្បីដឹកនាំសត្វលោកឲ្យងើបការពារសិទ្ធិសេរីភាព និងផលប្រយោជន៍រួមដែលត្រូវបានគេរំលោភបំពាន និងគៃបន្លំ។

ដោយឡែកដំណើររឿងទេវកថានេះ វាក៏បានចូលរួមឆ្លុះបញ្ចាំងអំពីទិដ្ឋភាពនយោបាយមួយថា គេមិនអាចយកលេសស្ថិរភាព និងសន្តិភាព ជាអាវុធមករំលោភបំពានរាស្ត្រតូចទាបតាមចិត្ត រួចចោទប្រកាន់នូវរាល់អំពើដែលគេតស៊ូដើម្បីការពារខ្លួនថាជាកត្តាដែលនាំឲ្យខូចដល់ស្ថិរភាព និងសន្តិភាពឡើយ។

មានតែការផ្តល់នូវយុត្តិធម៌ដល់មនុស្សគ្រប់គ្នា ផ្តល់នូវសេចក្តីសុខផ្លូវចិត្ត និងកាយ ព្រមទាំងបញ្ឈប់រាល់អំពើជិះជាន់សង្កត់សង្កិនតែមួយគត់ ទើបគេអាចស្ថាបនាសង្គមឲ្យមានសន្តិភាពពិតប្រាកដបាន។

Leave a comment