នៅពីក្រោយវាំងននខ្មៅ (ភាគទី១)

និពន្ធដោយសាន់ ម៉ាឡា

កូនអ៊ូប័រតូចមួយកម្លាំង៤០សេះ ដែលមានផ្ទៃខាងក្រៅពណ៌ផ្ទៃមេឃ និងប្រកដំបូលក្រឡាចម្រុះពណ៌កំពុងរត់យ៉ាងសន្សឹមៗកាត់ព្រៃកោងកាងដ៏ធំមួយ។ អ្នកបើកអ៊ូប័រគឺជាយុវជនដែលមានមាឌស្តើងពុំសូវមានសាច់ឈាមម្នាក់។ ពុំមែនកម្លាំងអ៊ូប័រខ្សោយមិនអាចរត់ឱ្យបានលឿននោះទេ តែយុវជនជាអ្នកបើកនោះគេពុំអាចមួលបន្ថែមល្បឿនកូនអ៊ូប័រតូចរបស់គេបាន ព្រោះគេពុំដាច់ចិត្តឱ្យក្រសែភ្នែករបស់ខ្លួនត្រូវឃ្លាតចាកពីផ្ទាំងទស្សនីយភាពដ៏ល្អពិសិដ្ឋនេះ។ ព្រៃកោងកាងស្រស់ណាស់ ស្អាតណាស់ ជាពិសេសគឺអាចសម្របខ្លួនរស់នៅជាមួយបរិស្ថានជុំវិញដែលប្រកបដោយបញ្ហាប្រឈមខ្ពស់។ គួរណាស់តែមនុស្សលោកយើងអាចរៀនសូត្រពីដើមកោងកាង រៀនរស់និងទទួលយករសជាតិប្រៃនៃជីវិត។ រសប្រៃដែលបើទោះបីជាជួបរឿងខកបំណងឬសោកសៅយ៉ាងណា ក៏នៅតែអាចញញឹម។ រៀនប្រឈមជាមួយរលកសមុទ្រ ប្រៀបដូចជាយើងជួបជាមួយឧបសគ្គទោះធំយ៉ាងណាក៏នៅតែអាចរក្សាជំហរបាន។  

ក្រោយចំណាយពេលសញ្ជឹងគិតតែម្នាក់ឯងនៅលើកណ្តាលផ្ទៃសាគរ អ្នកបើកបរនោះបានរំកិលអ៊ូប័រទៅអែបមាត់ច្រាំងរួចផ្តើមរម្លឹកឡើងវិញអំពីអនុស្សាវរីយរបស់ខ្លួន ដែលមានសភាពល្វីងផង ប្រៃផង និងផ្អែមផង គ្រាដែលរូបគេកំពុងស្ថិតនៅក្នុងពន្ធនាគារខេត្តកោះកុង។

ជីវិតនៅក្នុងទ្រុងដែក ថ្វីដ្បិតតែពុំមានសេរីភាព អាចដើរហើរឱ្យលើសពីបរិវេណដែលបានព័ទ្ធរបងឃុំឃាំងក៏ពិតមែន ក៏ប៉ុន្តែវាជារបត់ថ្មីមួយនៃជីវិត។ ខ្ញុំបានសិក្សាឈ្វេងយល់ជីវិតជនជាប់ឃុំរួមបន្ទប់ អំពីជីវភាពរស់នៅរបស់ពួកគាត់មុនជាប់ឃុំឃាំង ។ ពួកគាត់ទាំងនោះមួយចំនួនជាអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន អ្នកធ្វើការលើទូកនេសាទថៃ សិស្ស វិទ្យាល័យ និងអ្នកលេងភ្លេង ។ រស់នៅយូរៗទៅពួកយើងផ្តើមសម្របខ្លួនស្និទ្ធទៅនឹងជីវិតក្នុងមន្ទីរឃុំឃាំងបន្តិចម្តងៗ។ ព្រឹកឡើងពួកយើងត្រូវក្រោករៀបចំកន្ទេលភួយខ្នើយ ចេញមកងូតទឹក ស្រស់ស្រូបអាហារពេលព្រឹកនៅក្នុងកង់ទីន អានសៀវភៅក្នុងបណ្ណាល័យ និងជជែកកម្សាន្តជាមួយជនជាប់ឃុំដទៃទៀតឬលេងកីឡាជាដើម។

ខ្ញុំបានហៅកង់ទីនថាជាផ្សារ ព្រោះគេអាចទិញបន្លែត្រីសាច់ ភេសជ្ជៈ គ្រឿងសំអាងផ្សេងៗ ព្រមជាមួយអាហារសម្រន់នៅទីនោះ ហើយហៅ  បណ្ណាល័យថាជាសាលា ហៅរោងសិប្បកម្មផលិតឧបករណ៍នេសាទថាជារោងចក្រ ហៅសាលាឆទានថាជាវត្ត ដើម្បីធ្វើឱ្យខ្លួនឯងហាក់មានអារម្មណ៍ថាកំពុងរស់នៅក្នុងជំរំ ឬស្រុកតូចមួយដើម្បីបំភ្លេចភាពជូរចត់ ដែលទទួលរងភាពអយុត្តិធម៌ត្រូវមករស់នៅក្នុងពន្ធនាគារយ៉ាងកម្សត់បែបនេះ។ 

ជំពូក១

យប់ដំបូង

ជួយរកអគារណាស្លូតៗផង 

នេះគឺជាប្រយោគមួយមាត់ចុងក្រោយ របស់មន្ត្រីនគរបាលកងអន្តរាគមន៍ពិសេសម្នាក់បាននិយាយទៅកាន់ឆ្មាំពន្ធនាគារ ខណៈពេលដែលខ្ញុំរួមជាមួយនឹងសហជីវិនពីរនាក់ទៀត កំពុងត្រូវបានគេបណ្តើរចូលមកកាន់បរិវេណនៃអគារឃុំឃាំង ទាំងដៃរបស់ពួកយើងត្រូវបានគេដាក់ខ្នោះព័ទ្ធទៅក្រោយ។  ដើរបណ្តើរខ្ញុំចោលភ្នែកក្រឡេកមើលទិដ្ឋភាពនៅសងខាងផ្លូវដើរបណ្តើរ។ ទីនេះហើយដែលគេហៅថាជាពន្ធនាគារនោះ។ ទីនេះហើយដែលមនុស្សផងទាំងពួង មិនប្រាថ្នាចង់មកឬសូម្បីតែនឹករលឹកសោះឡើយ។

វាមានសភាពស្ងាត់ជ្រងំ  គ្របដណ្តប់លើផ្ទៃដីទំហំប្រមាណពីរហិកតាបួនជ្រុង។ អគារធំៗចំនួនពីរមានលក្ខណៈជ្រុងៗដូចសាលាបឋមសិក្សាដុះអមនៅសងខាងផ្លូវធ្វើដំណើរ ហើយមានកូនរោងសាងសង់ពីថ្មទំហំប្រហែលជាបីម៉ែត្រគុណនឹងប្រាំម៉ែត្រស្ថិតនៅចំកណ្តាល។ពេលឈានជើងមកដល់ទីនេះដំបូង ខ្ញុំហាក់ដូចជាគ្មានការព្រួយបារម្ភទាល់តែសោះ។ ការមិនបារម្ភនេះមិនដឹងថាដោយសារខ្ញុំបានធ្វើចិត្ត និងត្រៀមខ្លួនទប់ទល់ជាមុន ឬមានអំណាចផ្លូវងងឹតណាមួយជួយសណ្តំចិត្ត និងតាមថែរក្សាពួកខ្ញុំ។

អ្វីៗបានប្រែប្រួលមិនដូចការរំពឹងទុករបស់ខ្ញុំសោះ។ ពេលពួកខ្ញុំឈានជើងដល់មាត់ទ្វារនៃបន្ទប់ឃុំឃាំង ព្រះម្ចាស់ថ្លៃអើយ ភ្នែករាប់រយគូកំពុងសម្លឹងមកពួកខ្ញុំ ហើយភ្នែកទាំងនោះ បានសម្លឹងឥតព្រេចសោះឡើយ។ ភាពភ័យខ្លាចបានចាប់ផ្តើមចូលមកសណ្ឋិតលើខ្ញុំបន្តិចម្តងៗ។ ខ្ញុំចាប់ផ្តើមរារែកក្នុងចិត្តហើយសញ្ជឹងគិតតែម្នាក់ឯងថា   ​​​​​​​​​​​​​ខ្ញុំប្រហែលជាត្រូវទទួលរងនូវការធ្វើបាបណាមួយពីសំណាក់ក្រុមអ្នកដែលកំពុងស្ថិតនៅបន្ទប់ឃុំឃាំងទាំងនោះ។ បន្ទប់តូចៗទេតែបែជាមានមនុស្សច្រើនរាប់សិបនាក់។ ខ្ញុំបានដណ្តឹងសួរខ្លួនឯងថាសភាពចង្អៀតណែនណាន់តាន់តាប់បែបនេះ តើខ្ញុំអាចសម្របខ្លួនរស់នៅបានទេ?

ក្រុមអ្នកទោសកំពុងជាប់ឃុំ នាំគ្នាឈរស្វាគមន៍ពីក្នុងបន្ទប់ដោយអើតកតាមចម្រឹងដែកជាមួយក្បាលត្រងោលគ្មានសក់ និងស្លៀកសម្លៀកបំពាក់ពណ៌លឿងទុំ។ ភ្នែករបស់ពួកគេមុតៗណាស់ ខ្ញុំមិនហ៊ានសូម្បីតែសម្លឹងតបទៅវិញ។ ខ្ញុំកំពុងតែស្លន់ស្លោនៅក្នុងសតិអារម្មណ៍ តែរំពេចនោះសំឡេងមួយបានពញ្ញាក់ និងទាញអារម្មណ៍ខ្ញុំឱ្យមូលបន្តិចឡើងវិញ។ 
-ស្ងាត់ៗ.. អ្នកផ្សេងថយចេញទៅក្រោយឱ្យអស់ ទុកតែក្រុមសណ្តាប់ធ្នាប់នៅបានហើយ។
មន្ត្រីឆ្មាំពន្ធនាគារម្នាក់បានស្រែកឡើង ព្រមទាំងយកដៃទះទ្វារបន្ទប់ឃុំឃាំងដើម្បីឱ្យអ្នកទោសដទៃទៀតរក្សាភាពស្ងៀមស្ងាត់ និងសណ្តាប់ធ្នាប់នៅក្នុងអគារឃុំឃាំង។ មុនរុញពួកខ្ញុំចូលក្នុងបន្ទប់ឃុំឃាំង គេតម្រូវឱ្យពួកខ្ញុំដោះសម្លៀកបំពាក់ស៊ីវិលចេញទុកតែខោខ្លី(ខោលីអូ)តែប៉ុណ្ណោះ។  ខ្ញុំត្រូវបានគេរុញបញ្ចូលទៅក្នុងបន្ទប់ឃុំឃាំងលេខ១០ រីឯសហជីវិន២រូបផ្សេងទៀតគឺលោក ស៊ីម សំណាង ត្រូវចូលទៅបន្ទប់លេខ៩ ហើយ ទ្រី សុវិគា ត្រូវគេដាក់ចូលទៅបន្ទប់លេខ៧។ គ្រាន់តែចូលដល់បន្ទប់ឃុំឃាំងភ្លាម  ខ្ញុំគ្មានឱកាសបានឃើញសូម្បីតែជញ្ជាំងបន្ទប់។ មនុស្សទាំងអស់បានចេញមកឈរព័ទ្ធជារង្វង់ ហើយបញ្ជាឱ្យខ្ញុំអង្គុយនៅជ្រុងម្ខាងនៃជញ្ជាំង។  ម្នាក់ៗសម្លឹងមកខ្ញុំមិនដាក់ភ្នែកទេ។

-ថីបានគេចាប់ឯងមកដាក់គុកហ្នឹង?

អ្នកទោសវ័យរាងចាស់វស្សាម្នាក់ បានសម្លក់សម្លឹងមកកាន់ខ្ញុំរួចជំរិតសួរ ទាំងទឹកមុខហាក់មានគំនុំពាន់ឆ្នាំលាក់ទុកក្នុងចិត្ត។ ខ្ញុំបានឆ្លើយតបយ៉ាងស្លូតបូតក្នុងសភាពខ្លបខ្លាច និងឱនលំទោនខ្ពស់។ខ្ញុំជម្រាបជូនគាត់ថាខ្ញុំជាសកម្មជនបរិស្ថាន ធ្វើការក្នុងអង្គការមួយ ហើយត្រូវបានគេចាប់មកដោយសារខ្ញុំ និងមិត្តរួមការងារបានតវ៉ាជំទាស់ការបូមខ្សាច់ជាមួយក្រុមប្រជាពលរដ្ឋ។ឮចម្លើយរបស់ខ្ញុំហើយ ក៏ស្រាប់តែពួកគេនាំគ្នាសើច រួចស្តីបន្ទោសថាហេតុអ្វីបានជាពងមាន់សោះបែរជាចង់ទៅជល់នឹងថ្ម? នៅពេលដែលបានឮពាក្យមួយនេះវាគ្មានអ្វីចម្លែកទាល់តែ សោះសម្រាប់ខ្ញុំ ព្រោះនៅក្នុងសង្គមកម្ពុជាមនុស្សភាគច្រើននាំគ្នាសន្សំសុខ និងមិនចង់បង្កបញ្ហាជាមួយមនុស្សដែលមានអំណាចឬយសស័ក្កិធំជាងខ្លួន បើទោះបីជាសុខដែលគេខំសន្សំនោះបានបាត់បង់ដោយសារគេយាយីយ៉ាងណាក៏ដោយ។

គេក៏បានសួរខ្ញុំថា ជាអ្នកដែលមានដើមកំណើតនៅខេត្តកោះកុងឬយ៉ាងណា? ខ្ញុំក៏ឆ្លើយទៅវិញថាជាអ្នកខេត្តត្បូងឃ្មុំ ហើយមកធ្វើការនៅខេត្តកោះកុងនេះ។ កាលដែលមិនមែនជាអ្នកស្រុកកោះកុងហើយមកបាតុកម្មតវ៉ារហូតជាប់គុកជាប់ច្រវាក់ ធ្វើឱ្យក្រុមអ្នកជាប់ឃុំទាំងនោះងឿងឆ្ងល់និងមិនយល់ថាហេតុអ្វីត្រូវមកចេះឈឺឆ្អាល បើមិនជាប់ពាក់ព័ន្ធស្អីផងហ្នឹង? 

ពួកគេនាំគ្នាព្រួតសួរសំណួររាប់ជំពូក លុះបានសាកសួរអស់ចិត្តហើយ មានជនជាប់ឃុំម្នាក់នៅក្នុងបន្ទប់ចាប់ផ្តើមស្រែកឡើងខ្លាំងៗថា៖

-ពួកយើងបានបាវសាក់ថ្មីហើយ តោះគ្របភួយវ៉ៃវាតែម្តងទៅ
-ឆក់…ខ្ញុំគិតថាឆក់វាវិញទៅល្អជាង (ជនជាប់ឃុំម្នាក់ទៀតបានស្រែកបន្ទរ)

សម្រែកដ៏គួរឱ្យរន្ធត់មួយនេះ បានរសាត់មកប៉ះត្រចៀករបស់ខ្ញុំមិនទាន់ចប់ស្រួលបួលផង ស្រាប់តែមានភួយមួយបានហោះមកគ្រប់ពីលើខ្លួនខ្ញុំជិត។  អារម្មណ៍ខ្ញុំចាប់ផ្តើមភ័យខ្លាចខ្លាំងមែនទែនតែមិនដឹងត្រូវធ្វើយ៉ាងណា។ ខ្ញុំបិទភ្នែករួចយកដៃគ្របមុខ និងសញ្ជឹងគិតថាតាមយថាកម្មទៅចុះ។ នៅក្នុងភួយងងឹតបែបនេះខ្ញុំតក់ស្លុតបន្តិចផង និងខិតខំពង្រឹងអារម្មណ៍របស់ខ្លួនឱ្យរឹងប៉ឹងផង ព្រោះនេះគឺជាលទ្ធផលដែលយើងបានដឹង និងត្រៀមចិត្តក្នុងការទទួលរួចរាល់។ 

គ្រាដែលខ្ញុំកំពុងវិលវល់អារម្មណ៍នៅក្នុងភាពងងឹត រំពេចនោះខ្ញុំបានឮសំឡេងរបស់មនុស្សម្នាក់ បានស្រែកបញ្ជាទៅកាន់អ្នកនៅក្នុងបន្ទប់ឱ្យឈប់លេងសើចទៀត រួចអនុញ្ញាតឱ្យខ្ញុំទៅងូតទឹកឱ្យស្អាតសិនទៅ។ 

ក្រោយសំឡេងនេះបានបន្លឺឡើង ស្ថានភាពប្រែជាស្ងប់ស្ងាត់ ហើយខ្លួនប្រាណខ្ញុំគ្មានការប៉ះទង្គិចណាមួយឡើយ។ ខ្ញុំផ្តើមយកដៃបើកភួយថ្នមៗ រួចខិតខំសម្លឹងទៅរកប្រភពសំឡេង។ 

ខ្ញុំក៏បានទៅងូតទឹកតាមការបញ្ជារបស់គេ ហើយឆ្លៀតក្នុងឱកាសនេះខ្ញុំសូមពិពណ៌នាអំពីបន្ទប់ទឹកបន្តិចជូនមិត្តអ្នកអាន។ បន្ទប់ទឹកមានទំហំប្រមាណជាមួយម៉ែត្រកន្លះគុណនឹងមួយម៉ែត្រ ស្ថិតនៅក្នុងបន្ទប់ទំហំប្រមាណជាប្រាំម៉ែត្របួនជ្រុង។ នៅក្នុងបន្ទប់ទឹកមានអាងទឹកដែលមានបណ្តោយមួយម៉ែត្រកន្លះគុណនឹងទទឹងកន្លះម៉ែត្រ ហើយគ្មានជញ្ជាំងបិទបាំងអ្វីទេ គឺមានតែជញ្ជាំងតឿដែលមានកម្ពស់ត្រឹមតែប្រមាណជាកន្លះម៉ែត្រប៉ុណ្ណោះ។ ក្នុងបន្ទប់ឃុំឃាំងភាគច្រើនគេងូតទឹកដោយលេងខ្លួនទទេ ក៏ប៉ុន្តែសម្រាប់អ្នកថ្មីដូចជាខ្ញុំគឺមិនអាចទៅរួចទេ គឺខ្ញុំបានខ្ចីក្រមាគេផ្លាស់ងូតទឹកសិន។

បន្ទាប់ពីងូតទឹករួច គេឆុងមីម៉ាម៉ាមួយកញ្ចប់យកមកឱ្យខ្ញុំ។ មីនេះគឺខ្ញុំទទួលបានពីជនជាប់ឃុំម្នាក់ ដែលខ្ញុំបានឮគេហៅគាត់ថាជាចោរសមុទ្រ។ស្តាប់មួយភ្លែត អ្នកអានប្រាកដជាគិតថាគាត់ជាចោរប្លន់តាមសមុទ្រជាក់ជាមិនខាន តាមពិតគាត់គឺជាក្រុមចោរឆក់កាបូបក្នុងពិធីបុណ្យសមុទ្រនៅទីរួមខេត្តកោះកុងតែប៉ុណ្ណោះ ហើយត្រូវបានគេដាក់រហសនាមថាជាចោរសមុទ្រ។ បន្ទាប់ពីហូបមីរួចហើយ ខ្ញុំក៏មានអារម្មណ៍ស្រស់ថ្លាបន្តិចព្រោះខ្ញុំអត់បាយរាងយូរគួរសមដែរហើយ។ 

-នេះគាត់ម្នាក់នេះជាប្រធានបន្ទប់ គាត់ទទួលខុសត្រូវគ្រប់គ្រងសណ្តាប់ធ្នាប់នៅក្នុងបន្ទប់ ហើយឯងត្រូវស្តាប់គាត់និយាយអំពីច្បាប់ទម្លាប់និងវិន័យរស់នៅទីនេះ។
-បាទ
ខ្ញុំត្រូវបានគេណែនាំឱ្យស្គាល់ប្រធានបន្ទប់ ដែលជាអ្នកមានតួនាទីមើលការខុសត្រូវការងាររួមនៅក្នុងបន្ទប់ ហើយប្រធានបន្ទប់ក៏មានសិទ្ធិនៅក្នុងការដាក់ពិន័យកម្រិតស្រាលដល់យើងផងដែរ។ 

ប្រធានបន្ទប់នោះមានឈ្មោះថា ហ គាត់មើលទៅមុខកាចណាស់ ហើយគ្មានអំណោយទានស្អីសូម្បីតែបន្តិច។ គាត់បាននិយាយប្រាប់ខ្ញុំថា៖ ការរស់នៅទីនេះគឺវាមិនដូចជាការរស់នៅក្នុងផ្ទះរបស់យើងឬនៅខាងក្រៅនោះទេ ទាំងការដេកដើរ ឈរអង្គុយ និងនិយាយស្តីសុទ្ធតែមានវិន័យ។

ខ្ញុំគ្មានស្អីឆ្លើយក្រៅតែពីពាក្យថាបាទៗនោះទេ។

“គាត់បន្តប្រាប់ខ្ញុំថាមនុស្សដែលជាប់នៅក្នុងពន្ធនាគារទាំងអស់ មិនថានៅខាងក្រៅអ្នកឯងជាអ្នកណាឬធ្វើការអ្វីឡើយ ពេលមកដល់ទីនេះគ្រប់គ្នាសុទ្ធតែត្រូវបានគេហៅថាជាចោរ’’

ជនជាប់ឃុំត្រូវហៅខ្លួនឯងថាខ្ញុំ ហើយត្រូវហៅមន្ត្រីឬឆ្មាំថាជា សែប និងត្រូវហៅមន្ត្រីដែលមានស័ក្កចាប់ពី២ដល់៣ថាលោកនាយ។ ត្រូវហៅថាតេជគុណចំពោះមន្ត្រីដែលមានស័ក្កចាប់ពី៤ឡើងទៅ។ ចំពោះប្រធាន និងអនុប្រធានយើងត្រូវហៅថាលោកចាងហ្វាង និងចាងហ្វាងរង។ ជនជាប់ឃុំនៅពេលឃើញឆ្មាំត្រូវឈប់ឬអង្គុយ ឬដើរចេញឱ្យឆ្ងាយពីផ្លូវដែលខ្លួនកំពុងតែដើរដោយរក្សាគម្លាតចាប់ពីបីម៉ែត្រទៅប្រាំម៉ែត្រឆ្ងាយពីមន្ត្រី។ ក្នុងមួយថ្ងៃជនជាប់ឃុំត្រូវបានអនុញ្ញាតឱ្យចេញមកលេងនៅក្រៅបរិវេណនៃបន្ទប់ឃុំឃាំងពីរដង គឺពេលព្រឹកម្តង និងពេលរសៀលម្តង ដែលម្តងៗមានរយៈពេល២ម៉ោង។ ជនជាប់ឃុំពុំអាចទៅប៉ះឬបើកទ្វារបន្ទប់ឃុំឃាំង ទ្វារសុវត្ថិភាពឬទ្វារណាទាំងអស់ប្រសិនបើគ្មានការអនុញ្ញាត។ ជនជាប់ឃុំដែលមិនអនុវត្តតាមបទបញ្ជាផ្ទៃក្នុង និងវិន័យគឺនឹងត្រូវទទួលពិន័យ។ 

បន្ទាប់ពីស្តាប់ការរៀបរាប់អំពីមេរៀនវិន័យនៃការរស់នៅរួច ខ្ញុំក៏ត្រូវបានគេរៀបចំកន្លែងឱ្យសម្រាក។ នារាត្រីដំបូងដែលបានដេកនៅក្នុងបន្ទប់ឃុំឃាំង ខ្ញុំបានសម្លឹងមើលទៅលើពិដានឃើញសុទ្ធតែជាចង្រឹងដែក ក្រឡេកទៅឆ្វេងស្តាំសុទ្ធតែជាអ្នកទោសដែលកំពុងតែដេករនូករនៀលពាសពេញទី។ ពេលនោះខ្ញុំស្រាប់តែមានអារម្មណ៍ថាសោកសៅ ព្រមទាំងនឹករលឹកទៅដល់អ្នកម្តាយរបស់ខ្ញុំខ្លាំងណាស់ ពុំដឹងជាគាត់បារម្ភអំពីខ្ញុំយ៉ាងណានោះទេ។ ខ្ញុំទប់ទឹកភ្នែកមិនឱ្យស្រក់ចុះឡើយ ព្រោះខ្ញុំមិនចង់ឱ្យគេវាយតម្លៃថាខ្ញុំកំពុងតែទន់ខ្សោយប្រាសចាកពីការតាំងចិត្ត។ ខ្ញុំនៅចាំបានថាមុនមួយថ្ងៃដែលខ្ញុំត្រូវបានចាប់ខ្លួន ខ្ញុំបានទូរស័ព្ទទៅលេងអ្នកម្តាយរបស់ខ្ញុំ។ ខ្ញុំបាននិយាយប្រាប់គាត់ថា សូមកុំឱ្យគាត់បារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំ។ ខ្ញុំនឹងមិនអីទេ ។ហើយប្រសិនបើជាខ្ញុំមានបញ្ហាអ្វីក៏ដោយគាត់ត្រូវតាំងចិត្តឱ្យរឹងមាំ និងគិតទៅក្នុងផ្លូវដែលវិជ្ជមានទៅគឺបានហើយ។ គិតមកដល់ត្រឹមចំណុចនេះកែវភ្នែករបស់ខ្ញុំក៏ចាប់ផ្តើមរលីងរលោង តែក៏ត្រូវខ្ញុំវាសដៃជូតវាមកវិញមិនអនុញ្ញាតឱ្យវាស្រក់ចុះមកឡើយ។ ខ្ញុំក៏មានអារម្មណ៍ថាស្រណោះខ្លួនដែលពុំគួរមកដេកនៅក្នុងគុកបែបហ្នឹងសោះ ហេតុអ្វីមន្ត្រីអាក្រក់ឬជនដែលបំផ្លាញទ្រព្យសម្បត្តិជាតិមិនមកទទួលរងនូវសភាពបែបនេះ?  

គិតចុះគិតឡើងខ្ញុំក៏បានដេកលង់លក់ដោយពុំដឹងខ្លួន លុះបើកភ្នែកមកវិញក៏ឃើញថាព្រះអាទិត្យបានបញ្ចេញរស្មីភ្លឺបាត់ទៅហើយ។ ជាវិន័យនៃការរស់នៅ អ្នកជាប់ឃុំទាំងអស់ត្រូវនាំគ្នាក្រោកពីព្រឹកព្រលឹមដើម្បីសម្អាតខ្លួននិងរៀបចំបន្ទប់។ នៅវេលាព្រឹកនេះជនជាប់ឃុំបីនាក់ដែលស្ថិតនៅក្នុងបន្ទប់រួមជាមួយខ្ញុំត្រូវដល់ថ្ងៃឡើងសវនាការជំនុំជម្រះក្តី។

ទោះបីក្នុងនាមជាអ្នកទោសដែលសង្គមមិនសូវឱ្យតម្លៃ និងត្រូវដល់ថ្ងៃតតាំងក្តីជាមួយតុលាការក៏ពិតមែន ក៏ជនជាប់ឃុំបីនាក់ដែលនឹងត្រូវឡើងតុលាការបានងូតទឹកដូសសាប៊ូ បំប៉នម្សៅលើផ្ទៃមុខឱ្យស្រស់ថ្លា ហាក់បីដូចជាត្រូវចូលរួមពិធីដ៏ឧត្តុងឧត្តមណាមួយអ៊ីចឹង។ ការរៀបចំខ្លួនឱ្យមានសិរីសួស្តីបែបនេះ ត្រូវបានគេជឿជាក់ថាជាការលើកទឹកចិត្តចំពោះខ្លួនឯង ព្រមទាំងដើម្បីទទួលបានលាភជ័យក្នុងចម្បាំងផ្លូវច្បាប់នៅពេលខាងមុខនេះ។ 

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមបើករង្វង់ក្រចកសេះបន្តិចដើម្បីជម្រាបជូនជាពិសេសដល់មិត្តអ្នកអានថា ជនជាប់ឃុំនៅទីនេះទាំងស្រីប្រុសមិនថាចាស់ក្មេង ហាក់ផ្តើមចេះស្រលាញ់ខ្លួន និងថែរក្សាសុខភាពស្បែកប្លែកពីពេលនៅខាងក្រៅ។ នេះមិនដឹងថាដើម្បីការពារកុំឱ្យកើតកមរមាស់ឬមកពីពួកគេមានពេលទំនេរច្រើន ដូច្នេះក៏ចេះតែនាំគ្នាធ្វើតាមគ្នា។ នៅវេលាដែលខ្ញុំជាប់ឃុំនៅទីនោះ គេនាំគ្នាពេញនិយមលាងមុខជាមួយហ្វូមបំបាត់មុន បន្ទាប់មកគឺគេប្រើឡេម៉ាកផន(Pond)កញ្ចប់តូចឬម្សៅហុយមកតប់មុខ។ 

ក្រោយពីបានតុបតែងខ្លួនរួចហើយ ពួកគេក៏មិនភ្លេចរៀបពាក្យសម្តី និងត្រៀមចម្លើយដើម្បីតបតជាមួយតុលាការក្នុងន័យសម្រាលឬដោះបន្ទុកចំពោះខ្លួនឯង។ ដោយឡែកជនជាប់ឃុំម្នាក់ឈ្មោះ ឆ វ ជាជនជាប់ឃុំដែលនឹងត្រូវឡើងសវនាការ គេបានបង្កើតភាពភ្ញាក់ផ្អើលមិនគួរឱ្យជឿមួយសម្រាប់ខ្ញុំ។ ឆ្លៀតពេលដែលមន្ត្រីមិនទាន់មកទទួលគាត់ដើម្បីដឹកទៅកាន់តុលាការ គាត់បានអុជធូបចំនួន៥សរសៃបួងសួងចំពោះព្រះពុទ្ធរូប។ កាយវិការបែបនេះដ្បិតតែយើងអាចមើលឃើញនៅគ្រប់ទីកន្លែងទាំងអស់នៃប្រទេសដែលគោរពព្រះពុទ្ធសាសនា។ តែខ្ញុំមិននឹកស្មានថាយុវវ័យម្នាក់ដែលបានប្រព្រឹត្តកំហុសចំពោះសង្គម ក៏គង់ត្រូវការក្តីអាណិតពីព្រះពុទ្ធដើម្បីជួយតម្រង់ផ្លូវ និងដោះទុក្ខទោសចំពោះខ្លួនដែរ។ វ ត្រូវបានគេចាប់ខ្លួននិងបញ្ជូនមកឃុំខ្លួនពីបទលួច។ 

-ដល់ថ្ងៃដែលត្រូវឡើងតុលាការគឺគ្រប់គ្នាគេធ្វើបែបនេះហើយ
ជនជាប់ឃុំម្នាក់បាននិយាយប្រាប់ខ្ញុំ ដោយសារឃើញអាការៈងឿងឆ្ងល់របស់ខ្ញុំ
-អូហ៍ ខ្ញុំពុំធ្លាប់ដឹងពីមុនទេ

ខ្ញុំបានជជែកលេងជាមួយជនជាប់ឃុំនៅក្នុងបន្ទប់ ហើយខ្ញុំសង្កេតឃើញថាពួកគាត់ពុំមែនជាក្រុមមនុស្សចិត្តអាក្រក់ឬកាចសាហាវ វាយអ្នកទោសដែលទើបតែចូលមកថ្មីៗដូចខ្សែភាពយន្តហុងកុងឡើយ។ គ្រប់គ្នាបានសួរពីដំណើរដើមទងដែលរហូតដល់ខ្ញុំត្រូវបានគេនាំខ្លួនមកដល់ឃុំឃាំងបែបនេះ ហើយខ្ញុំក៏បានរៀបរាប់ពីដំណើរជីវិតត្រួសៗខ្លីៗ និងសកម្មភាពការងាររបស់ខ្ញុំកាលពីនៅខាងក្រៅ។  កំពុងតែជជែកគ្នាសុខៗស្រាប់តែមានសំឡេងមួយបានស្រែកសំដៅមកកាន់ខ្ញុំ។
-អាម្នាក់ដែលទើបតែចូលថ្មីមកនេះ
អ្នកទោសដែលមានមាឌធំក្រអាញ ក្បាលត្រងោល ហើយត្រចៀកសងខាងរបស់គាត់មានស្នាមចោះក្រវិលធំៗស្ទើរប៉ុនម្រាមដៃ បានដើរមករកខ្ញុំ ព្រមទាំងបានកាន់អ្វីម្យ៉ាងនៅក្នុងដៃ ដែលដូចជាមានបំណងសម្រាប់យកវាមកឱ្យខ្ញុំ។ អ្នករួមបន្ទប់បានប្រាប់ខ្ញុំថា គាត់នោះជាប្រធាន សណ្តាប់ធ្នាប់។  

-ស្លៀកពាក់រួចហើយ ត្រូវចេញមកក្រៅ
-បាទបង

គេបានឱ្យសម្លៀកបំពាក់មួយកំប្លេពណ៌ខ្លឹមខ្នុរមកឱ្យខ្ញុំ។ អាវមានកមូល និងហោប៉ាវបីដូចជាអាវអាចារ្យ រីឯខោវិញមានចង្កេះកៅស៊ូហើយមានហៅប៉ាវក្រោយមួយដែរ។ ខោអាវនេះដូចជារាងធំបន្តិចសម្រាប់ខ្ញុំ។ ក្រៅពីខោអាវ ខ្ញុំក៏ទទួលបានកន្ទេលមួយ ចានស្លាបព្រា និងសាប៊ូដុសខ្លួនមួយដុំ។ បន្ទាប់ពីបានស្លៀកពាក់នូវឯកសណ្ឋានពណ៌ខ្លឹមខ្នុរមួយកំប្លេនេះរួច  ខ្ញុំងាកមកសួរជនជាប់ឃុំដែលស្នាក់នៅបន្ទប់ជាមួយគ្នាថា៖ 
-គេហៅឱ្យទៅណាវិញបង?
-ខ្ញុំមិនដឹងដែរ តែប្រហែលជាត្រូវទៅកាត់សក់ហើយមើលទៅ

រំពេចនោះ ប្រធានសណ្តាប់ធ្នាប់បានបើកទ្វារឱ្យខ្ញុំចេញមកក្រៅ ហើយនាំដើរសំដៅចេញពីអគារឃុំឃាំងទៅកាន់កន្លែងកាត់សក់។ ដ្បិតខ្ញុំបានឃើញទេសភាពក្នុងពន្ធនាគារតាំងពីយប់ដែលគេនាំមកឃុំខ្លួនក៏ពិតមែន តែវាមិនច្បាស់ដូចពេលថ្ងៃបែបនេះឡើយ។ ជាពិសេសគឺឃើញអ្នកទោសរាប់រយនាក់ កំពុងដើរទៅដើរមកហាក់បីដូចជាទីប្រជុំជនមួយយ៉ាងអ៊ីចឹង។ នៅពីក្រៅអគារដែលគេឃុំឃាំងខ្ញុំមានរបងសំណាញ់លួសមួយព័ទ្ធជុំវិញ។ រីឯខាងក្រៅរបងលួសគឺមានអគារបីបួនទៀតដែលសុទ្ធតែមានរបងលួសព័ទ្ធជុំវិញដូចគ្នា ហើយវាមានរបងស៊ីម៉ង់ធំមួយទៀតព័ទ្ធជុំវិញអគារទាំងនោះ។  

គេបាននាំខ្ញុំដើរទៅកាន់កន្លែងកាត់សក់ ដែលមានកូនតូបតូចមួយសង់នៅជាប់នឹងប៉ុស្តិ៍សុខភាព ក្បែរទៅនឹងអគារឃុំឃាំងអ្នកទោសដែរ។នៅក្នុងតូបកាត់សក់មានជាងប្រចាំការម្នាក់ដែលជាអ្នកទោសដូចគ្នា ហើយឮថាគាត់ជាប់ឃុំអស់រយៈពេលជិត២០ឆ្នាំមកហើយ។ មកដល់កន្លែងកាត់សក់ភ្លាម ខ្ញុំក៏បានជួបជាមួយទ្រី សុវិគា ហើយនិងស៊ីម សំណាង។ ពួកគាត់ក៏ត្រូវបានគេនាំមកកាត់សក់ដូចគ្នាដែរ។ ក្រោយពីបានកាត់សក់ឡើងអស់ពីក្បាលដែលមើលទៅប្រៀបបានដូចជាអន្ទិតទើបតែសឹកថ្មីៗ  ខ្ញុំក៏បាននាំគ្នាមកងូតទឹកនៅអាងទឹកក្រៅបរិវេណបន្ទប់ឃុំឃំាង ភ្លាមនោះខ្ញុំក៏ចាប់ផ្តើមធ្វើការសន្ទនាទៅកាន់មិត្តរួមការងារទាំងពីរនាក់។ ខ្ញុំសួរពួកគាត់ថាយប់មិញនេះគេមានធ្វើបាបអីទេ?

ទ្រី សុវិគា បានឆ្លើយថាគ្មានទេគេគ្រាន់តែនិយាយបន្លាចយើងតែប៉ុណ្ណោះតែគេអត់វ៉ៃធ្វើបាបអីទេ។ ខ្ញុំអស់បារម្ភបន្តិចព្រោះយប់មិញ នេះខ្ញុំបានឮសំឡេងដូចជាមនុស្សវ៉ៃគ្នា ហើយខ្ញុំព្យាយាមសួរអ្នកដែលនៅក្នុងបន្ទប់ជាមួយខ្ញុំ គេប្រាប់ថាគ្មានរឿងបែបនេះកើតឡើងឡើយ។ ចុះបងសំណាងវិញយប់មិញនេះខ្ញុំឮបងក្អកពេញមួយយប់  តើសុខភាពយ៉ាងម៉េចហើយ? ស៊ីម សំណាងបានត្អូញត្អែប្រាប់ពួកយើងថាគាត់កើតរោគឈឺក្រពះ ដូច្នេះយប់មិញរោគវាធ្វើទុក្ខហើយគ្មានថ្នាំជាប់ខ្លួនទៀត។ ជាពិសេសបងសំណាងគាត់ចាញ់ជាមួយក្លិនផ្សែងបារី តែសំណាងល្អយប់មិញនេះមានអ្នករួមបន្ទប់ម្នាក់ដែលគេមានបញ្ហាក្រពះដូចគ្នាបានឱ្យថ្នាំមកខ្លះៗ  ដូច្នេះទើបវាបានធូរស្រាលបន្តិច។ 

យើងបានបន្តជជែកគ្នាអំពីអ្វីដែលបានកើតឡើងចំពោះពួកយើង រួចហើយទើបយើងនាំគ្នាជូតខ្លួននិងស្លៀកពាក់ ព្រោះពួកយើងត្រូវបានគេហៅឱ្យចូលទៅកាន់បណ្ណាល័យដែលមានទីតាំងនៅពីមុខបន្ទប់ឃុំឃាំង។

កាត់សក់ត្រងោលហើយស្លៀកពាក់ខោអាវបែបហ្នឹងទៅ គឺពួកយើងក្លាយជាអ្នកជាប់គុកពេញសិទ្ធិហើយ។ ខ្ញុំបាននិយាយទាំងដកដង្ហើមធំទៅកាន់មិត្តរួមការងាររួចក៏នាំគ្នាដើរទៅកាន់បណ្ណាល័យ។ នៅក្នុងបណ្ណាល័យមានតាំងសៀវភៅអានរាប់រយក្បាល ដែលទទួលបានការឧបត្ថម្ភពីអង្គការSIPAR  ។ មានសៀវភៅជាច្រើនប្រភេទដូចជាប្រលោមលោក សិល្បៈកម្សាន្ត ទស្សនាវដ្តី ចំណេះដឹងទូទៅ  សៀវភៅប្រវត្តិសាស្ត្រ សៀវភៅបណ្តុះគំនិតនិងប្រាជ្ញា វចនានុក្រម និងប្រលោមលោកជាភាសាអង់គ្លេសខ្លីៗ។ 

-ពួកវាមកដល់ហើយលោកនាយ 
ឆ្មាំម្នាក់កំពុងតែអង្គុយនៅក្នុងបណ្ណាល័យ ហើយមានងារជាប្រធានផ្នែកអនុរក្សកំពុងតែអង្គុយយ៉ាងស្ងាត់ស្ងៀមដើម្បីរង់ចាំពួកខ្ញុំ។ 
-ចូលមកក្នុងមក ហើយនាំគ្នាមកអង្គុយនៅទីនេះ

និយាយឱ្យត្រង់ចុះ ពេលនោះវាពិតជាពិបាកមែនទែនក្នុងការប្រើប្រាស់ពាក្យទៅតាមអ្វីដែលគេកំណត់ ព្រោះខ្ញុំមានអារម្មណ៍ថានៅពេលណាដែលយើងហៅនរណាម្នាក់ថាជាលោកនាយ ឬតេជគុណ វាប្រៀបដូចយើងជាទាសកររបស់គេអ៊ីចឹង។ ខ្ញុំពិបាកនឹងទទួលយកបាន ព្រមទាំងរលាស់អណ្តាតមិនកើតសោះ ដូច្នេះខ្ញុំក៏និយាយអីដែលកាត់ៗ  ហើយត្រូវកាត់ពាក្យដែលត្រូវហៅបងឬលោកនាយចេញផងដែរ។ ក្រោយពីបានដាក់គូទអង្គុយនៅលើកៅអីជ័រដែលគេរៀបត្រៀមចាំទទួលរួចហើយ ឆ្មាំម្នាក់ដែលមានមុខងារជាប្រធានអនុរក្សបានផ្តើមនិយាយមកកាន់ពួកខ្ញុំ។ មន្ត្រីម្នាក់នោះបានពោលឡើងថាខ្លួនគ្រាន់តែមានពាក្យខ្លះៗដើម្បីនិយាយមកកាន់ពួកខ្ញុំ។  គាត់ថាពុំបានដឹងអំពីរឿងរបស់យើងទាំងអស់គ្នាទេ ហើយក៏មិនមានយោបល់វែកញែកអ្វីដែរតែសូមកុំឱ្យពួកខ្ញុំមានការខឹងសម្បារមកលើពន្ធនាគារឬមន្ត្រីនៅទីនេះអី គេគ្រាន់តែអនុវត្តទៅតាមអ្វីដែលតុលាការបានសម្រេចតែប៉ុណ្ណោះ។ រីឯការរស់នៅក្នុងទីនេះវាជាការទទួលខុសត្រូវរបស់ពួកគាត់ចំពោះយើងទាំងអស់គ្នា។ ដូច្នេះប្រសិនជាមានបញ្ហាអ្វីសូមរាយការណ៍ទៅកាន់ពួកគាត់ចុះ ក្នុងករណីដែលមានដូចជាអំពើហិង្សាឬរឿងអ្វីមួយដែលបានកើតឡើង។ គាត់ក៏បានសួរបន្ថែមដែរថាមានគេធ្វើបាបពួកខ្ញុំទេយប់មិញនេះ?

តាមភាសានៃការនិយាយស្តី និងឥរិយាបទរបស់មន្ត្រីរូបនេះពួកខ្ញុំបានសន្និដ្ឋានថាគាត់គឺជាមនុស្សស្លូតបូតនិងចេះដឹងមួយរូប ដូច្នេះហើយពួកខ្ញុំក៏បានឆ្លើយយ៉ាងសុភាព  និងផ្តល់ការគោរពទៅឱ្យគាត់វិញព្រោះថ្វីដ្បិតតែគាត់ឋានៈជាអនុរក្សមែន តែគាត់ទទួលស្វាគមន៍យើងពុំមែនជារបៀប   មន្ត្រីជួបអ្នកទោសនោះឡើយ។

-បាទអត់មានទេ។ អរគុណសម្រាប់ការយកចិត្តទុកដាក់ហើយខ្ញុំមិនប្រកាន់ខឹងអីដែរ ព្រោះខ្ញុំយល់ពីបញ្ហានេះហើយប្រសិនបើមានបញ្ហាអ្វីខ្ញុំនឹងរាយការណ៍ជូនបាទ។

ពួកយើងបានជជែកគ្នាប្រហែលជា២០នាទី  ទើបគេបញ្ជូនពួកខ្ញុំ  ត្រឡប់ទៅវិញ។  ពេលនេះមិនទាន់ដល់ម៉ោងចូលក្នុងបន្ទប់ឃុំឃាំងនៅឡើយទេ  ដូច្នេះពួកយើងមានពេលដើម្បីអង្គុយលេងនៅខាងក្រៅបរិវេណបន្ទប់។ស៊ីម សំណាងបានត្អូញត្អែពីបញ្ហាសុខភាព និងការលំបាកដោយសារគាត់ចាញ់ផ្សែងបារីរបស់ជនជាប់ឃុំដទៃបានជក់នៅក្នុងបន្ទប់។

ដោយសារតែជាស្វាមី និងជាឪពុករបស់កុមារាអាយុប្រមាណជា៣ឆ្នាំផងនោះ  វាពិតជាពិបាកមែនទែនសម្រាប់គាត់។ ពេលនេះគ្រួសាររបស់គាត់ពិតជាបាត់បង់ជំហរ និងប៉ះពាល់មកលើជីវភាពដោយសារតែរូបគាត់កំពុងតែត្រូវបានគេឃុំឃាំង។ ពួកយើងម្នាក់ៗបានរៀបរាប់ប្រាប់គ្នាទៅវិញទៅមកអំពីការលំបាក និងក្តីបារម្ភរបស់ពួកយើងចំពោះក្រុមគ្រួសារ។ តែទោះបីជាយ៉ាងណាក៏ដោយពួកយើងបានតស៊ូនៅខាងក្រៅរួមគ្នា រហូតដល់ត្រូវបានគេចាប់ឃុំខ្លួនបែបនេះ ពួកយើងបានប្តេជ្ញាចិត្តថានឹងមិនរួញរាហើយនឹងមើលថែគ្នាទៅវិញទៅមក។ ជជែកគ្នាបានមួយសន្ទុះសំឡេងជួងបានបន្លឺឡើងម៉ឺងៗជាសញ្ញាដែលបញ្ជាក់ថាពួកយើងត្រូវដល់ម៉ោងដើម្បីចូលទៅក្នុងបន្ទប់ឃុំឃាំងវិញ។

ពេលនេះម៉ោង១០:០០ព្រឹក ជាពេលវេលាដែលអ្នកទាំងអស់គ្នាត្រូវដល់ម៉ោងហូបបាយ។ ជនជាប់ឃុំម្នាក់ៗត្រូវទទួលរបបបាយម្នាក់ពីរចានក្នុងមួយថ្ងៃ (ព្រឹកមួយ និងល្ងាចមួយ) ជាមួយនិងរបបសម្លដែលស្លដាក់តែអំបិលតិចៗសាបលែមៗ ហើយរាវឱ្យកក្លូក។ រីឯបាយវិញគឺជាបាយដែលគេដាំចំហុយ វាស្អិតដូចជាបាយម៉ាននិងមានពណ៌ក្រហមដូចជាអង្ករសម្រូបអ៊ីចឹង។ កាលដែលបាយមានពណ៌ក្រហមយ៉ាងដូច្នេះ ព្រោះទឹកអណ្តូងដែលគេយកមកដាំវាស្ថិតនៅក្បែរតំបន់ទឹកប្រៃ អ៊ីចឹងហើយទឹកគឺវាមានពណ៌ក្រហម។ ខ្ញុំកំពុងតែមិនសូវឃ្លានបាយស្រាប់ លុះមកឃើញបាយសម្លបែបហ្នឹងទៀតគឺស្រេចតែម្តង។ ដោយសារតែក្រឡេកឃើញទឹកមុខខ្ញុំមិនសូវស្រស់ ហើយចេះតែសម្លឹងទៅបាយសម្ល ទើបជនជាប់ឃុំម្នាក់ដែលមានឈ្មោះថា ថ បានចែកត្រីចៀនចំនួន២ និងសម្លខ្លះៗជាម្ហូបផ្ទាល់ខ្លួនដែលគាត់បានចម្អិនដោយខ្លួនឯកមកឱ្យខ្ញុំ ហើយបានប្រាប់ថា៖
-ទ្រាំៗសិនទៅកាលខ្ញុំមកដំបូងក៏មានអារម្មណ៍បែបនេះដែរ តែបន្តិចទៀតគឺស៊ាំហើយ។ 

ថ មើលទៅទំនងជាអ្នកចេះដឹងហើយជាកូនចៅគេអ្នកធូរធារ តែហេតុអ្វីបានជាត្រូវមកជាប់គុកបែបនេះ? ខ្ញុំមិនបានសួរនាំអីទេព្រោះយើងមិនទាន់បានស្គាល់គ្នា។


Leave a comment